អនន្តភាព

Eng. eternity
Fr. éternité (f.)

លក្ខណៈមួយក្នុងចំណោមលក្ខណៈផ្សេងៗរបស់អាទិទេព ដែលត្រូវបានគេបកស្រាយបានតាមរបៀបពីរយ៉ាងខុសគ្នា។ របៀបទី១៖ អាទិទេពគឺជាអនន្ត ដោយសារតែអាទិទេពមិនចងដោយពេលវេលា។ អត្ថិភាពរបស់អាទិទេពនៅក្រៅពេលវេលា ឬមិនចំណុះពេលវេលា អាទិទេពគ្មានពេលកំណត់ ប៉ុន្តែ អាទិទេពជាអ្នកបង្កើតពេល។ ដោយសារតែអាទិទេពមិននៅក្នុងពេលវេលា រាល់ព្រឹត្តិការណ៍ ដែលកើតឡើងក្នុងពេល ចំពោះទ្រង់គឺកើតឡើងដំណាលគ្នា។ ខណៈ «ឥឡូវ» របស់យើងសម្គាល់ពេលវេលា និងវត្ថុអត្ថិភាពក្នុងការប្រែប្រួល រីឯ «ឥឡូវ» របស់អាទិទេពឋិតឋេរ មិនប្រែប្រួលនិងមិនអាចធ្វើឱ្យប្រែប្រួល។ របៀបទី២៖ អាទិទេពមានលោកិយភាព ពោលគឺមានអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ប៉ុន្តែ ព្រះអង្គជាអន្តនភាព ពីព្រោះអាទិទេពតែងតែមានអត្ថិភាពនៅក្នុងអតីតកាល មានអត្ថិភាពនៅក្នុងបច្ចុប្បន្នកាល និងតែងតែមានអត្ថិភាពនៅក្នុងអនាគតកាល។ អនន្តភាព ស្មើនឹងចំនួនសរុបនៃកាលទាំងបី (អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល)។

(ពាក្យនេះ គេប្រើក្នុងអស្តិរូបវិជ្ជា និង ទស្សនវិជ្ជាអំពីសាសនា)។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​