វិសេសានុមាន
Eng. Abduction
Fr.enlèvement(m.)/ abduction (f.)
វិធីបង្ហាញពី ដំណើរនៃការប្រើប្រាស់ភស្តុតាង ដើម្បីឈានទៅរកការសន្និដ្ឋានមួយដ៏ទូលំទូលាយ ដែលជាការពិចារណាមួយឆ្ពោះទៅរកការពន្យល់មួយ សមហេតុផលបំផុត។
វិសេសានុមាន បង្ហាញដោយទស្សនវិទូជនជាតិអាម៉េរិក ឆាល សេនដឺ ផៀស (Charles Sanders Peirce, ១៨៣៩-១៩១៤) ដែលលោកបានចាត់ទុកថា វិសេសានុមានជារបៀបបែបច្នៃប្រឌិតក្នុងការទាញសេចក្តីសន្និដ្ឋាន ប៉ុន្តែ គាត់បញ្ជាក់ថាលទ្ធផលនៃការសន្និដ្ឋាននេះ ត្រូវស្ថិតនៅក្រោមការវាយតម្លៃប្រកបដោយ វិចារណញាណ។ ឧទាហរណ៍ ៖ ១- អនុមានញែក (Deduction) – ក្បួន(rule): សណ្តែកទាំងអស់នៅក្នុងថង់នេះពណ៌ស – ករណី(case): សណ្តែកទាំងនេះយកចេញពីថង់នេះ – លទ្ធផល (result): សណ្តែកទាំងនេះពណ៌ស។ ២- អនុមានរួម (Induction) – ករណី(case): សណ្តែកទាំងនេះយកចេញពីថង់នេះ – លទ្ធផល (result): សណ្តែកទាំងនេះពណ៌ស ក្បួន(rule): សណ្តែកទាំងអស់នៅក្នុងថង់នេះពណ៌ស។
៣- វិសេសានុមាន (Abduction) – ក្បួន(rule): សណ្តែកទាំងអស់នៅក្នុងថង់នេះពណ៌ស។ – លទ្ធផល(result): សណ្តែកទាំងនេះពណ៌ស – ករណី(case): សណ្តែកទាំងនេះយកចេញពីថង់នេះ។ (បញ្ញត្តិនេះ គេប្រើនៅក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ