ទស្សនវិជ្ជា
Eng. philosophy
Fr. philosophie (f.)
ពាក្យនេះមានអត្ថន័យច្រើន យោងតាមសម័យកាល និងតាមទស្សនវិទូនីមួយៗ។ អត្ថន័យមូលដ្ឋាននៃពាក្យទស្សនវិជ្ជាគឺការស្រលាញ់គតិបណ្ឌិត ពុទ្ធិ ឬគតិវិញ្ញូ។ ក្រៅពីនេះ ទស្សនវិជ្ជាមានន័យផ្សេងទៀតដូចជា៖
១- ការពិចារណាអំពីបញ្ញត្តិមូលដ្ឋាន ជាមែកធាងនៃពុទ្ធិ ឬការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តដែលផ្ដោតជាសំខាន់ចំពោះការពិនិត្យ ការពិចារណាជាប្រព័ន្ធអំពីបញ្ញត្តិសំខាន់ៗ ដូចជាសច្ចភាព តថភាព ទំនាក់ទំនងហេតុ និងផល និងសេរីភាពជាដើម។
២- និកាយគំនិតជាប្រព័ន្ធនៃគំនិត ឬលទ្ធិមួយជាក់លាក់ ដូចជា អត្ថិភាពនិយម រូបធាតុនិយម មនោនិយម ជាដើម។
៣- គោលការណ៍មូលដ្ឋានឬគោលការណ៍ណែនាំនានា ជាបណ្ដុំនៃគោលការណ៍ ឬបញ្ញត្តិសំខាន់ៗដែលកប់នៅក្នុងវិស័យជាក់លាក់ណាមួយនៃពុទ្ធិ ដូចជា ទ្រឹស្ដីកិច្ចសន្យាសង្គមរបស់ ហ្សង់ ហ្សាក់ រូសូ (Jean Jacques Rousseau) និងគោលការណ៍បែងចែកអំណាចរបស់ ម៉ុងតេសស្គីយើ (Montesquieu) ជាដើម។
៤- បណ្ដុំជំនឿ ឬបំណងប្រាថ្នា ជាសិក្ខាបទមួយ ឬច្រើនដែលបង្កប់នៅក្នុងឥរិយាបថមួយ ឬច្រើនដែលបង្កប់នៅក្នុងឥរិយាបថ ឬការប្រតិបត្តិរបស់អ្នកណាម្នាក់។
៥- ការប្រើវិចារណញ្ញាណក្នុងការស្វែងយល់អ្វីមួយ ដូចជា ធម្មជាតិនៃតថភាព និងអត្ថិភាព ការប្រើប្រាស់និងការកំណត់ពុទ្ធិ និងគោលការណ៍នានាដែលគ្រប់គ្រង និងជះឥទ្ធិពលលើការវិនិច្ឆ័យខាងសីលធម៌ជាដើម។
ឧ. ការស្វែងយល់បាតុភូតរន្ទះ ការស្វែងយល់ពីរបត់ព្រះពុទ្ធសាសនានៅក្នុងសង្គមតាមបែបទស្សនវិជ្ជា។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ