ក្លរ៉ូភ្លុយអូរ៉ូកាបួ
Eng. Chlorofluorocarbons (CFCs)
ប្រភេទឧស្ម័នផ្ទះកញ្ចក់ ស្ថិតក្រោមពិធីសារម៉ុងរ៉េអាល់ ឆ្នាំ១៩៨៧ ហើយត្រូវបានប្រើប្រាស់ សម្រាប់ទូរទឹកកក ម៉ាស៊ីនត្រជាក់ សម្ភារៈវេចខ្ចប់ អ៊ីសូឡង់ សារធាតុរំលាយឬសារធាតុបាញ់អាអេរ៉ូសូល។
ដោយសារឧស្ម័នក្លរ៉ូភ្លុយអូរ៉ូកាបួមិនអាចត្រូវបានបំផ្លាញនៅក្នុងបរិយាកាសទាបវាបានរសាត់ចូលបរិយាកាសខ្ពស់បំបែកស្រទាប់អូសូន ក្នុងលក្ខខណ្ឌសមស្រប។ ឧស្ម័នទាំងនេះកំពុងត្រូវបានជំនួសដោយសមាសធាតុផ្សេងទៀត រួមមានពពួកអ៊ីដ្រូក្លរ៉ូភ្លុយអូរ៉ូកាបួ និងអ៊ីដ្រូភ្លុយអូរ៉ូកាបួ ដែលជាប្រភេទឧស្ម័នផ្ទះកញ្ចក់ស្ថិតក្រោមពិធីសារក្យូតូ ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៧ និងបានចូលជាធរមាន នៅឆ្នាំ២០០៥។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។