ឯកអគ្គទេវនិយម

Eng. henotheism
Fr. hénothéisme (m.)

បច្ចេកសព្ទរបស់ ម៉ាក មូល័រ (Max Müller) សំដៅដល់លទ្ធិមួយ ដែលអនុញ្ញាតឱ្យមានអត្ថិភាពអាទិទេពច្រើន ប៉ុន្តែលទ្ធិនេះបានអះអាងថាមានអាទិទេពតែមួយអង្គគត់ ដែលជាអ្នកដឹកនាំកំពូលរបស់ពួកអាទិទេពទាំងនោះ ហើយអាទិទេពអង្គនោះសក្តិសម នឹងទទួលបានភាពស្មោះត្រង់ ការគោរព និង ការស្តាប់បង្គាប់ពីអាទិទេពទាំងឡាយ។ ឯកអគ្គទេវនិយម ជាការសម្រុះ សម្រួលរវាងពហុទេវនិយមដែលជឿថា មានអាទិទេពច្រើននិងឯកទេវនិយមដែលជឿថាអាទិទេពមានតែមួយអង្គ
គត់។ ទស្សនវិទូសាសនាខ្លះចាត់ទុកឯកអគ្គទេវនិយមជា ដំណាក់កាលកណ្តាលក្នុងការអភិវឌ្ឍពីពហុទេវនិយមទៅជា ឯកទេវនិយម។ តាមតាលីហ្វែរ៉ូ (Taliaferro) «ឯកអគ្គទេវនិយម គឺជាការទទួលស្គាល់អាទិទេពតែមួយសម្រាប់គោលបំណងឧទ្ទិស និងបូជាដោយមិនបដិសេធនូវអត្ថិភាពនៃអធិភាវៈដទៃទៀតទេ»។

(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​