អវិជ្ជា
Eng. avijjā / ignorance
Fr. avijjā/ ignorance (f.)
ក្នុងន័យទូទៅ អវិជ្ជា មានន័យថាការមិនដឹងច្បាស់ សេចក្តីល្ងង់ មោហៈ។ នៅក្នុងព្រះពុទ្ធសាសនា អវិជ្ជា (avijja) មានន័យថាការមិនដឹង ឬមិនយល់ពីធម្មជាតិពិតនៃជីវិតរបស់យើងនិង/ឬធម្មជាតិពិតរបស់វត្ថុ។ អវិជ្ជានៅក្នុងទ្រឹស្តីបដិច្ចសមុប្បាទ (Dependent Origination) គឺអវិជ្ជាអំពីអរិយសច្ចទាំង៤ មានន័យថា
១- មិនយល់ពី សេចក្តីទុក្ខ (ទុក្ខអរិយសច្ច)
២- មិនយល់ពីប្រភពនៃទុក្ខ (ទុក្ខសមុទយអរិយសច្ច)
៣- មិនយល់ពីសេចក្តីរំលត់ទុក្ខ (ទុក្ខនិរោធអរិយសច្ច) និង
៤- មិនយល់ពីមាគ៌ា ដែលដឹកនាំទៅរកការរំលត់ទុក្ខ (មគ្គអរិយសច្ច)។
អវិជ្ជានេះ នាំឱ្យមនុស្សធ្វើអំពើអកុសល ឬអំពើបាបជាច្រើនរាប់មិនអស់។ ហេតុនេះ ការយល់ដឹងពីអរិយសច្ចទាំង៤ពិតជាមានសារៈសំខាន់ក្រៃលែង។ ដោយសារតែមនុស្សម្នាក់ៗខកខានមិនបានយល់ពីអរិយសច្ចទាំង៤នេះហើយ ទើបបានជាពួកគេត្រូវវិលវល់នៅក្នុងគំនិតជាប់ជំពាក់មិនចេះចប់ និងវិលវល់ ក្នុងវដ្តសង្សារ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ