អដ្ឋង្គិកមគ្គ
Eng. eightfold path
Fr. octuple sentier
ផ្លូវដែលប្រកបដោយអង្គប្រាំបីដែលជាមជ្ឈិមប្បដិបទា (ផ្លូវកណ្តាល) សំដៅដល់សីល សមាធិបញ្ញា ជាផ្លូវប្រតិបត្តិដើម្បីរំដោះខ្លួនឱ្យចេញផុតពីសេចក្តីទុក្ខ។ អង្គរបស់អដ្ឋង្គិកមគ្គទាំង៨ មាន៖
១-សម្មាទិដ្ឋិ មានន័យថាគំនិតយល់ឃើញត្រូវ គឺគំនិតយល់ឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាបជាដើម។ សមាទិដ្ឋិនេះទៀតសោត គឺសំដៅយកបញ្ញាយល់ឃើញ ប្រពៃគឺឃើញនូវអរិយសច្ចទាំងបួនមាន ទុក្ខសច្ច សមុទយសច្ច និរោធសច្ច និង មគ្គសច្ច។
២-សម្មាសង្កប្បោ មានន័យថាត្រិះរិះត្រូវគឺត្រិះរិះចេញចាកកាម ត្រិះរិះដល់ការមិនព្យាបាទ ហៅថា អព្យាបាទ និង ការត្រិះរិះមិនជាហេតុបៀតបៀនអ្នកដទៃ (អវិហិង្សា)។
៣-សម្មាវាចា មានន័យថាសម្តីនិយាយត្រូវបាន ដល់វាចាវៀរចាកវចីទុច្ចរិត៤។
៤-សម្មាកម្មន្តោ មានន័យថាការងារត្រូវ បានដល់ការងារដែលវៀរចាកនូវទុច្ចរិតទាំង៣ ឬការងារទាំងឡាយណាដែលមិនមានទោស ហើយផ្តល់ប្រយោជន៍ដល់ខ្លួននិងសង្គម។
៥-សម្មាអាជីវោ មានន័យថាការចិញ្ចឹមជីវិតត្រូវ បើគ្រហស្ថ បានដល់ការលះលង់នូវជំនួញខុសទាំង៥ (មិច្ឆាជីវ) បើបព្វជិត បានដល់ការលះបង់នូវបាបធម៌៥ និង អនេសនៈ២១ ជាដើម។
៦-សម្មាវាយាមោ មានន័យថាការព្យាយាមត្រូវបានដល់ការព្យាយាមក្នុងស្ថានទាំង៤ មានកម្ចាត់បង់នូវអំពើអាក្រក់ និងព្យាយាមធ្វើអំពើល្អ។
៧-សម្មាសតិ មានន័យថារឭកប្រពៃ គឺរឭកក្នុងសតិប្បដ្ឋាន៤។
៨-សម្មាសមាធិ មានន័យថាតាំងចិត្តខ្ជាប់ប្រពៃ គឺចម្រើនក្នុងឈាន៤។
អដ្ឋង្គិកមគ្គមិនមែនជាការអភិវឌ្ឍត្រង់ភ្លឹងដូច បន្ទាត់នោះទេប៉ុន្តែជាការបំបែកធាតុខុសៗគ្នា ដែលគេត្រូវការដើម្បីឱ្យជីវិតិរស់រួចផុតពីសេចក្តីទុក្ខបាន។
អដ្ឋង្គិកមគ្គ ឬហៅម្យ៉ាងទៀតថា មជ្ឈិមប្បដិបទា (ផ្លូវកណ្តាល) ក៏បាន។
ឧ. ព្រះសង្ឈទូន្មានឱ្យពុទ្ធបរិស័ទយកអដ្ឋង្គិកមគ្គ ធ្វើជាមាគ៌ាជីវិត។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ