អញ្ញទិដ្ឋិ
Eng. heresy
Fr. hérésie (f.)
ទស្សនៈ ជំនឿ ឬ ដំណើរយល់ឃើញផ្ទាល់ខ្លួនដែលផ្ទុយ ឬប្រឆាំងទៅនឹងគោលការណ៍ ឬទស្សនៈរបស់សាសនាផ្លូវការ ឬពេញនិយមណាមួយ។ នៅសម័យបុរាណ និកាយណាក៏ដោយ ដូចជា និកាយប៉េរីប៉ាតេទិកនិយម (Peripatetics) អាកាដេមិកនិយម(Academics) ពួកអេពីគួនិយម (Epicureans) ឬ ពួកអត់ធ្មត់និយម (Stoics) ត្រូវបានចាត់ទុកថាជា អញ្ញទិដ្ឋិ។
អញ្ញទិដ្ឋិកជន សំដៅលើមនុស្សណាម្នាក់ ឬក្រុមណាមួយ ដែលបង្រៀនតាមទស្សនៈផ្ទាល់ខ្លួន។
ដំបូងឡើយ អញ្ញទិដ្ឋិ មិនមែនជាបច្ចេកសព្ទក្នុងន័យអវិជ្ជមាននោះទេ សូម្បីតែគ្រិស្តសាសនាក៏គិតខ្លួនឯងថាជាអញ្ញទិដ្ឋិដែរ។ ប៉ុន្តែ ចាប់ពីពេលដែលគ្រិស្តសាសនាបានទទួលអំណាចលើសលប់ជាងគេក្នុងមជ្ឈិមសម័យ សាសនានេះបានប្រើពាក្យអញ្ញទិដ្ឋិ សំដៅលើទស្សនៈណាមួយ ដែលមិនស្រប តាមការបង្រៀនរបស់គ្រិស្តសាសនានិកាយ
អ័រតូដុកឬនិកាយណាមួយដែលធ្វើការបកស្រាយគម្ពីរប៊ីប (Bible) ខុសពីការបកស្រាយផ្លូវការនៃសហគមន៍គ្រិស្តសាសនា។ លក្ខណៈប្រហាក់ប្រហែលនឹងអញ្ញទិដ្ឋិ គឺការបដិសេធ ការច្រានចោលគំនិត ឬទ្រឹស្តីណាមួយដែលខុសពីគំនិតរបស់ខ្លួន។
អញ្ញទិដ្ឋិបានកើតឡើងនៅក្នុង វិស័យអាណាចក្រ ជាពិសេសនៅទីណាដែលការប្រើអាជ្ញាសំខាន់ជាងការប្រើវិចារណញ្ញាណ នៅក្នុងការដោះស្រាយទំនាស់ខាងទ្រឹស្តី។
(បញ្ញត្តិនេះគេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ