សេរីនិយមក្លាស៊ិក/សេរីនិយមបែបបុរាណ
Eng. classic liberalism
Fr. libéralisme Classique
មនោគមវិជ្ជានយោបាយម្យ៉ាង និងជាមែកធាង មួយនៃ សេរីនិយមដែលគាំទ្រសេរីភាពពលរដ្ឋ នៅក្រោមនីតិរដ្ឋ និងផ្តោតលើសេរីភាពខាងសេដ្ឋកិច្ច។ សេរីនិយមក្លាស៊ិកទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសេរីនិយម និងសេរីនិយមខាងសេដ្ឋកិច្ច។ នៅដើមសតវត្សរ៍ទី១៩ សេរីនិយមក្លាស៊ិកត្រូវបានអភិវឌ្ឍដោយឈរលើគំនិតរបស់ទស្សនវិទូនៃសតវត្សរ៍មុនៗជាការឆ្លើយតបទៅនឹងនគរូបនីយកម្ម និងបដិវត្តន៍ ឧស្សាហកម្មនៅអ៊ឺរ៉ុប និងសហរដ្ឋអាម៉េរិក។ បុគ្គលល្បីល្បាញ ដែលគំនិតរបស់ពួកគាត់បានរួមចំណែកនៅក្នុងសេរីនិយមក្លាស៊ិក រួមមាន ចន ឡក (John Locke) តូម៉ាស ជេហ្វ័រសាន់ (Thomas Jefferson) ហ្សង់ បាបទីស្តសាយ (Jean Baptiste Say) តូម៉ាស ម៉ាល់ថឹស (Thomas Maltus) និង ដេវីដ រីកាដូ (David Ricardo) ។ សេរីនិយមក្លាស៊ិកត្រូវបានដកស្រង់ចេញពីទ្រឹស្តីសេដ្ឋកិច្ច(Economics) របស់អាដាមស្មីត (Adam Smith) ជំនឿលើច្បាប់ធម្មជាតិ (Natural law) ទ្រឹស្តីផលប្រយោជន៍និយម (Utilitarianism) និង ភាពរីកចម្រើន (progress)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ