សូហ្វ៊ីស
Eng.sophist
Fr. sophiste (m.)
កាលពីដំបូង ពាក្យ សូហ្វ៊ីស សំដៅយកមនុស្សដែលប្រកបដោយគតិបណ្ឌិត ដូចជា កវីនិពន្ធ អ្នកព្យាករ ព្រឹទ្ធាចារ្យ ដែលប្រកបដោយភាពឈ្លាសវៃ។ ប៉ុន្តែ នៅក្នុងសតវត្សរ៍ទី៥មុនគ្រិស្តសករាជ ពាក្យ សូហ្វ៊ីស សំដៅយកបច្ចេកសព្ទ ពិសេសមួយដែលមានន័យថា គ្រូបង្រៀនជំនាញ ដែលបានដើរផ្សងពេ្រងពីទីក្រុងមួយ ទៅទីក្រុងមួយដើម្បីបង្រៀនមុខវិជ្ជាជាច្រើនដែលមិនធ្លាប់មានពីមុនមក ដូចជា វោហារសាស្រ្ត ភាសាវិទ្យាជាដើម ដែលយុវជនក្រិក ត្រូវការជាចាំបាច់ ដើម្បីបញ្ចុះបញ្ចូលអ្នកនយោបាយ។ សូហ្វ៊ីសបានយកថ្លៃបង្រៀនពីសិស្សដែលមករៀនជាមួយពួកគេ។ នៅក្នុងពេលនោះ ពាក្យ សូហ្វ៊ីស មិនមានន័យ អវិជ្ជមាន ឬន័យអាក្រក់ទេ។ ពួកសូហ្វ៊ីសមិនមែនចេញមកពីនិកាយណាមួយ ហើយភាគច្រើន នៃពួកគេក៏មិនមែនជាទស្សនវិទូដែរ។ ក្នុងចំណោមពួកសូហ្វ៊ីសដែលល្បីល្បាញបំផុតមាន ប្រូតាហ្គោរ៉ាស (Protagoras)ហ្គ័រហ្ស៊ីយ៉ាស (Gorgias) ត្រាស៊ីម៉ាជុស (Thrasymachus) ប្រូឌីគុស (Prodicus) ហ៊ីប្យាស (Hippias)។ ក្រោយពីជំនាន់ពួកសូហ្វ៊ីសខាងលើមក ពាក្យ សូហ្វ៊ីស នេះ ក៏មានអត្ថន័យអវិជ្ជមានរហូតមកដល់បច្ចុប្បន្ន។ ការប្រែប្រួលដ៏ធំនេះមកពីការឃោសនាជំទាស់របស់ប្លាតុង និងអារីស្តូត ដែលចោទពួកសូហ្វ៊ីសថាជាអ្នករកលុយពីការបង្រៀនរបស់ពួកគេ និងយកតម្លៃខ្ពស់ក្នុងការបង្រៀនបច្ចេកទេសយកឈ្នះក្នុងការតស៊ូមតិ។ ពួកសូហ្វ៊ីសជាច្រើនជា គោលដៅចំអកនៅក្នុងអត្ថបទសន្ទនារបស់ប្លាតុង ហើយក្រោយមក ពួកសូហ្វ៊ីសត្រូវបានញែកចេញពី អ្នកប្រកបមុខវិជ្ជាខាងបញ្ញាដោយពិតប្រាកដ។ ប៉ុន្តែផ្តើមពី ការខ្វះខាតខាងព័ត៌មានសម្រាប់ដំណើរការ ពួកសូហ្វ៊ីសប្រៀបដូចជាអ្នករួមគ្នាបង្កើត ចលនាសេរីដែលបង្កជាភាពសង្ស័យក្នុងប្រពៃណី និងក្នុងចំណុចខ្លះនៃការបំភ្លឺ។ ពួកសូហ្វ៊ីសបានរួមវិភាគទានដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃការគិតក្នុងជំនាញវេយ្យាករណ៍និងទ្រឹស្តីភាសាវិទ្យា សីលធម៌ ទ្រឹស្តីនយោបាយ ទ្រឹស្តីអំពីធម្មជាតិ និងប្រភពរបស់មនុស្ស និងសង្គម។ ដោយគ្មានសំណេររបស់សូហ្វ៊ីសណាម្នាក់នៅសល់ ដូច្នេះ វាជាការលំបាកក្នុងការកែតម្រូវបុរេនិច្ឆ័យ ពីមុនដែលប្រឆាំងនឹងពួកសូហ្វ៊ីស។
(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាក្រិកសម័យបុរាណ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស -បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ