សីលវិជ្ជា

Eng. ethics
Fr. éthique (f.)

ការសិក្សាពីអ្វីដែលត្រូវ ឬខុសនៅក្នុងទង្វើរបស់មនុស្ស និងជាការស្វែងរកជីវិតប្រកប ដោយកុសល។ សីលវិជ្ជាសិក្សាជាសំខាន់ទៅលើគោលការណ៍សីលធម៌ ច្បាប់នៃការប្រព្រឹត្ត ឬប្រព័ន្ធផ្សេងៗដែលគួរតែត្រូវបានគេប្រព្រឹត្តតាមយ៉ាងហ្មត់ចត់។
សីលវិជ្ជាកំណត់នូវអ្វីដែលជាការប្រព្រឹត្តល្អនិងអ្វីដែលជាការប្រព្រឹត្តមិនល្អ។ សីលវិជ្ជាបង្ហាញនូវអំពើរបស់មនុស្សដែលគួរឬមិនគួរយល់ព្រមតាម។ សីលវិជ្ជាផ្តល់ឱ្យយើងនូវគំរូមួយ។ ផ្អែកលើមូលដ្ឋាននេះ យើងអាចដឹងថា តើអាកប្បកិរិយារបស់យើងប្រកបដោយសីលធម៌ត្រឹមត្រូវ ប្រកបដោយគុណធម៌និងគួរឱ្យចង់បាន ឬ មិនគួរឱ្យចង់បាន។
ពាក្យសីលវិជ្ជាមានន័យប្រហាក់ប្រហែលនឹងពាក្យទស្សនវិជ្ជាសីលធម៌អភិសមាចារ ចរិយា សាស្រ្ត វិទ្យាសាស្រ្តសីលធម៌ និងគោលការណ៍សីលធម៌។
ឧ. សីលវិជ្ជាដើរតួនាទីសំខាន់ក្នុងការកំណត់ភាពត្រឹមត្រូវ និងកំហុសឆ្គងក្នុងនិយាមសង្គម និងច្បាប់រដ្ឋ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ