វិរុទ្ធនិទស្សន៍សំណួរស្មុគស្មាញ
Eng. fallacy of many questions /fallacy of complex questions
Fr. erreur de nombreuses questions
ប្រភេទនៃសំណួរប្រកបដោយល្បិចបែបវោហារសាស្រ្តដែលអ្នកឆ្លើយមិនអាចគេចផុតពីការទទួលយកបុរេសន្មតរបស់អ្នកសួរបានឡើយ។ លោកសុខសួរលោកសៅមួយសំណួរ ហើយទាមទារចម្លើយសាមញ្ញថា «បាទ» ឬ«ទេ»។ ប៉ុន្តែសំណួរនោះបង្កប់នូវបុរេសន្មតមិនសមហេតុផលណាមួយ ដែលតម្រូវឱ្យឆ្លើយដាច់ពីគ្នា។ ចម្លើយសាមញ្ញថា «បាទ» ឬ «ទេ» នឹងធ្វើឱ្យលោកសៅយល់ព្រមទទួលបុរេសន្មតដែលមិនសមហេតុផល។ ឧទាហរណ៍ ៖ តើអ្នកឈប់វាយឪពុករបស់អ្នកហើយ ឬនៅ? មិនថាលោកសៅឆ្លើយ «បាទ» ឬ «ទេ» នោះទេ គឺចម្លើយរបស់គាត់បញ្ជាក់ថាគាត់យល់ព្រមទទួលស្គាល់ថា គាត់បានវាយឪពុករបស់គាត់ ប៉ុន្តែ តាមពិតវាអាចមិនដូច្នោះទេ។ (ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ