វិរុទ្ធនិទស្សន៍សមាសភាព
Eng. fallacy of composition
Fr. erreur de composition
ប្រភេទនៃការផ្តល់ហេតុផលខុសដែលអះអាងថា បើផ្នែកនីមួយៗនៃអង្គទាំងមូលមានលក្ខណ សម្បត្តិជាក់លាក់ណាមួយ នោះអង្គទាំងមូលក៏មានលក្ខណសម្បត្តិដូចនោះដែរ។ ឧទាហរណ៍ បើគ្រឿងបង្គុំនីមួយៗរបស់រថយន្តមួយ មានគុណភាពល្អនោះ រថយន្តនោះក៏មានគុណភាពល្អដែរ។ បច្ចេកសព្ទនេះ ក៏ត្រូវបានគេប្រើដែរ សម្រាប់ទឡ្ហីករណ៍មួយដោយផ្តើមចេញពីមូលបដិញ្ញា ដែលថាធាតុនីមួយៗនៃបណ្តុំមួយមានលក្ខណសម្បត្តិជាក់លាក់ណាមួយឈានទៅដល់ការសន្និដ្ឋានថាបណ្តុំនោះក៏មានលក្ខណសម្បត្តិដូចនោះដែរ។ ទឡ្ហីករណ៍នេះគ្មានសុពលភាពទេ ព្រោះវាសន្មតដោយខុសឆ្គងថា អង្គទាំងមូល ឬបណ្តុំជាការផ្គុំគ្នាយ៉ាងសាមញ្ញមួយនៃផ្នែក ឬធាតុនីមួយៗ។ ដោយបញ្រ្ចាសមកវិញ វិរុទ្ធនិទស្សន៍បំបែកដែលមានលក្ខណសម្បត្តិជាក់លាក់ណាមួយ ធាតុ ឬផ្នែកនីមួយៗក៏មានលក្ខណសម្បត្តិដូចនោះដែរ។
ឧទាហរណ៍ ៖ សហរដ្ឋអាម៉េរិកជាប្រទេសអ្នកមាន ដូច្នេះ ពលរដ្ឋអាម៉េរិកម្នាក់ៗក៏ជាអ្នកមានដែរ។ វិរុទ្ធនិទស្សន៍នេះមិនដឹងថា មិនមានទំនាក់ទំនងផ្ទេររវាងអង្គទាំងមូលនិងផ្អែកផ្សេងៗរបស់វាទេ។ ទាំងវិរុទ្ធនិទស្សន៍សមាសភាពទាំង វិរុទ្ធនិទស្សន៍បំបែក ជាគំរូរបស់វិរុទ្ធនិទស្សន៍ នៃភាពមិនច្បាស់លាស់ ពីព្រោះជាញឹកញាប់វិរុទ្ធនិទស្សន៍ទាំងពីរនេះជាប់ពាក់ព័ន្ធនឹងការភាន់ច្រឡំរវាង ការប្រើប្រាស់ដាច់ដោយឡែកៗ និងការប្រើប្រាស់បែបប្រមូលផ្តុំនៃពាក្យមួយ។ (ពាក្យនេះគេប្រើនៅក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ