វិរុទ្ធនិទស្សន៍ករណីដោយឡែក

Eng. fallacy of secundumquid
Fr. erreur de secundumquid

ការយល់ខុស ដោយការគិតមិនគ្រប់ជ្រុងជ្រោយ អំពីគុណវុឌ្ឍិដែលប្រើគំនិតខុសឆ្គងថា អ្វីដែលពិតដោយមានគុណវុឌ្ឍិជាក់លាក់ណាមួយ វាក៏ពិតដោយគ្មានគុណវុឌ្ឍិជាក់លាក់នោះដែរ។ វិរុទ្ធនិទស្សន៍ករណីដោយឡែកស្រដៀងគ្នាទៅនឹងវិរុទ្ធនិទស្សន៍ចៃដន្យដែលប្រើគោលការណ៍ ឬវិធានទូទៅ ដោយមិនគិតពីទិដ្ឋភាពជាក់លាក់នៃកាលៈទេសៈក្នុងការប្រើប្រាស់របស់វា។ វិរុទ្ធនិទស្សន៍ករណីដោយឡែកមានទម្រង់បន្ថែមមួយទៀតដែលធ្វើទូទៅនីយកម្មវិធានមួយចេញពីតួយ៉ាងណាមួយដែលអាចមានលក្ខណៈដោយឡែកឬករណីលើកលែង។ នៅក្នុងទម្រង់នេះ វិរុទ្ធនិទស្សន៍ករណីដោយឡែក ធ្វើទូទៅនីយកម្មយ៉ាងប្រញាប់ប្រញាល់ ដោយផ្តើមចេញពីករណីដោយឡែកទៅរកករណីទូទៅ។ ឧ១. សៅជាខ្មែរ គាត់រួសរាយចំពោះមនុស្សគ្រប់គ្នា ដូច្នេះខ្មែរទាំងអស់រួសរាយ។ ឧ២. វិចិត្រករ ញ៉ឹក​ ឌឹម ជាជនជាតិខ្មែរ គាត់មានទេពកោសល្យគូររូបទេសភាពនិងសម្រស់នារីខ្មែរ ដូច្នេះវិចិត្រករខ្មែរទាំងអស់សុទ្ធតែមានទេពកោសល្យគូររូបទេសភាពនិងសម្រស់នារីខ្មែរ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ