រចនាសម្ព័ន្ធប្រតិបត្ដិការ

Eng. Operational Structure

ត្រូវអនុវត្ដទៅតាមទស្សនទានពីរ គឺផ្នែកជួរ​មុខ និងផ្នែក​ទ្រទ្រង់។ ផ្នែកជួរមុខ(Front Office)  គឺជាផ្នែកដែលត្រូវធ្វើទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​អ្នកប្រើប្រាស់​សេវា​។​ ដើម្បីឱ្យផ្នែកជួរមុខមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាជូនអ្នកប្រើប្រាស់សេវា មន្ដ្រីរាជ​ការ​ ឬភ្នាក់ងារដែលបម្រើការងារនៅផ្នែកនេះ ត្រូវតែយល់ដឹងជារួម និងតាម​វិស័យ​ជំនាញ​នូវ​សេវាសាធារណៈនោះ និងត្រូវមានអាកប្បកិរិយាល្អ យកចិត្ដ​ទុកដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ និង​ជួយបំភ្លឺចម្ងល់ផ្សេងៗរបស់អ្នកប្រើប្រាស់សេវា។ ផ្នែកជួរមុខ មាន​ភារកិច្ច​ផ្ដល់​ព័ត៌មាន​ ពន្យល់​អំពីនីតិវិធីនៃការទទួលសេវា​ បញ្ជូននិងបែងចែកសំណុំឯកសារទៅតាមវិស័យ​ជំនាញ​ ទទួល​ប្រាក់កម្រៃសេវា ព្រមទាំងផ្ដល់លទ្ធផល និងសេចក្ដីសម្រេច​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​សេវា​ ទៅអ្នក​ប្រើប្រាស់សេវាវិញ។ ក្នុងករណីចាំបាច់ ត្រូវផ្ដល់ការណែនាំបន្ថែម​ និង​ជួយសម្រួលដល់​ការបំពេញបែបបទ និងការទទួល​ពាក្យស្នើសុំ​ពីអ្នក​ប្រើប្រាស់​សេវាទាំ​ង​ឡាយ​ណា​ដែល​ពុំ​មាន​ការយល់ដឹងច្បាស់លាស់ ដូចជាករណីអ្នកមិនចេះអក្សរជាដើម។ ផ្នែកទ្រទ្រង់ គឺជាផ្នែកដ៏សំខាន់សម្រាប់ ធានាឱ្យផ្នែកជួរមុខទទួលបានជោគជ័យ។
ផ្នែកទ្រទ្រង់(Back Office) មានភារកិច្ចពិនិត្យ ពាក្យស្នើសុំ និងឯកសារនានា លើកយោបល់​និងបញ្ជូនតាមលំ​ដាប់លំដោយទៅ​សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រេច និងប្រគល់លទ្ធផលទៅផ្នែកជួរមុខវិញ។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ