យុត្តសង្គ្រាម

Eng. just war
Fr. juste la ​guerre

ទ្រឹស្ដីយុត្តសង្គ្រាមដំបូងបង្អស់ជាប់ពាក់ព័ន្ធទៅនឹងគំនិតរបស់និកាយកាតូលិក ដែលអះអាងថា ការប្រើកម្លាំង គឺជាអំពើត្រឹមត្រូវតាមច្បាប់សម្រាប់ដាក់ទោសអ្នកប្រព្រឹត្តអាក្រក់ប្រឆាំងនឹងសាសនារបស់ខ្លួន។ បច្ចុប្បន្ន វាជាប្រធានបទសំខាន់មួយនៅក្នុងទស្សនវិជ្ជានយោបាយដែលចាត់ទុកការប្រើប្រាស់កម្លាំងសម្រាប់គោលបំណងខាងនយោបាយថាជារឿងត្រឹមត្រូវខាងសីលធម៌។ ជាធម្មតា ទ្រឹស្ដីយុត្តសង្គ្រាមពាក់ព័ន្ធនឹងលក្ខខណ្ឌពីរពោលគឺ បុព្វហេតុត្រឹមត្រូវចំពោះ សង្រ្គាម និងមធ្យោបាយត្រឹមត្រូវរបស់សង្គ្រាម។ បុព្វហេតុត្រឹមត្រូវសំដៅយកការធ្វើសង្គ្រាមដើម្បីការពារព្រំដែន ឆ្លើយតបទៅនឹងការឈ្លានពាននិងស្វែងរកសន្តិភាព។ មធ្យោបាយត្រឹមត្រូវគឺសំដៅយកការប្រើប្រាស់ អាវុធធម្មតាសម្រាប់ធ្វើសង្គ្រាមដោយជៀសវាង ការប្រើប្រាស់អាវុធមហាប្រល័យ ដូចជា អាវុធបរមាណូ អាវុធជីវសាស្ត្រ​ និង អាវុធគីមី ជាដើម។ យុត្តសង្គ្រាមត្រូវតែផ្ដួចផ្ដើមដឹកនាំនិងប្រកាសជាផ្លូវការដោយអាជ្ញាធរធម្មានុរូប ត្រូវតែប្រយុទ្ធ ដើម្បីបុព្វហេតុយុត្តិធម៌ប្រកបដោយ គោលបំណងត្រឹមត្រូវ និង ត្រូវតែការពារ និង ជៀសវាងការសម្លាប់បុគ្គលិកយោធាដែលមិនប្រយុទ្ធ (គ្រូពេទ្យ បព្វជិត…) ជាពិសេសប្រជាជនដែលគ្មានកំហុស។ (ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជា និង ទស្សនវិជ្ជានយោបាយ)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈ-កម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ