មនោនិយមអត្តនោម័តិ

Eng. subjective idealism
Fr. idéalisme subjectif

លទ្ធិមួយ ដែលចាត់ទុកថា ធាតុជាមូលដ្ឋានរបស់ពិភពលោក មិនមែនជារូបធាតុទេ ប៉ុន្តែ គឺជាស្មារតីឬគំនិត។ ក្នុងតថភាព អ្វីដែលបង្ហាញជាពិភពរូបឬសម្ភារៈ គឺគ្រាន់តែជាការប្រមូលផ្ដុំទស្សនៈ ដែលមានអត្ថិភាពផ្អែកលើគំនិតយល់ដឹង។ ដូច្នេះ បើយោងទៅតាមមនោនិយមអត្តនោម័តិ គឺគ្មានអ្វីមួយមានអត្ថិភាពក្រៅពីគំនិត និងទស្សនៈរបស់មនុស្សឡើយ។ មនោនិយមអត្តនោម័តិត្រូវបានគេកត់សម្គាល់នៅអឺរ៉ុបក្នុងសតវត្សរ៍ទី១៨ តាមរយៈ ស្នាដៃរបស់លោក George Berkeley។ លោកបានអះអាងថា គំនិតស្ដីពីតថភាពដែលឯករាជ្យពីចិត្ត មិនមានភាពច្បាស់លាស់ទេ។ អ្នកនិពន្ធក្រោយៗមកទៀតបានបន្តពន្យល់អំពី ទឡ្ហីករណ៍សង្ស័យនិយមរបស់ Berkeley។ អ៊ីម៉ានុយអែលកាន្ត (Immanuel Kant) បានឆ្លើយតបតាមរយៈការបដិសេធអរូបធាតុនិយមរបស់ Berkeley និងដោយការជំនួសមកវិញនូវមនោនិយមអតិសេដ្ឋដែលយល់ថា ពិភព ដែលឯករាជ្យពីចិត្តកំពុងមានអត្ថិភាពមិនអាចយល់ដឹងបានដោយខ្លួនឯង។ ឧ. តម្លៃរបស់មនុស្ស តម្លៃនៃប្រពៃណី តម្លៃទំនៀមទម្លាប់ និងតម្លៃសីលធម៌សង្គម កំណត់ដោយគំនិតអត្តនោម័តិរបស់មនុស្ស។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ