ភាវៈមនុស្ស
Eng. human being
Fr. être humain
ចំពោះអារីស្តូត (Aristotie) «ភាវៈមនុស្ស» គឺជាសត្វប្រកបដោយវិចារណញ្ញណ។ ចំពោះរ៉ឺណេដេកាត (René Déscartes) «ភាវៈមនុស្ស» មិនមែនជាសរីរាង្គតែមួយទេ ប៉ុន្តែ វាជាបន្សំនៃធាតុខុសគ្នាពីរ គឺចិត្តនិងកាយ។ ទោះបីជាមានភាពខុសគ្នាក្នុងការកំណត់បញ្ញត្តិ «ភាវៈមនុស្ស» រវាងអារីស្តូត និងរ៉ឺណេដេកាត ក៏ដោយ ក៏អ្នកទាំងពីរបានចាត់ទុកថា វិចារណញ្ញាណគឺជាលក្ខណៈសំខាន់នៃភាវៈមនុស្ស។ ភាវៈមនុស្សត្រូវបានគេប្រើជាសទិសន័យជាមួយពាក្យ«មនុស្ស» ដែលគេយល់ថាជាភាវៈមួយ ដែលមានសិទ្ធិមិនអាចដកហូតបាន ពោលគឺសិទ្ធិរស់រានមានជីវិត និង សិទ្ធិមានសេរីភាព ព្រមទាំង ជាភាវៈមួយខ្ពស់ជាងសត្វផ្សេងៗ ដែលមិនមែនជាមនុស្ស។
ទស្សនវិជ្ជាសីលធម៌សហសម័យ មានទំនោរចង់ផ្ដាច់ «មនុស្ស» ចេញពី «ភាវៈមនុស្ស» ដោយជឿថា «មនុស្ស» គឺជាភាវៈដែលមានស្វ័យញាណ។ ចំណែកឯ «ភាវៈមនុស្ស» គ្រាន់តែជាសមាជិកនៃពូជដើមរបស់មនុស្ស គឺ អូម៉ូសាព្យាង (Homosapiens) ប៉ុណ្ណោះ។ (ពាក្យនេះ គេប្រើនៅក្នុងអស្តិរូបវិជ្ជា សីលវិជ្ជា និង ទស្សនវិជ្ជាអំពីចិត្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស -បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ