ព្រលឹង

Eng. soul
Fr. âme (f.)

ផ្នែកអរូបធាតុ ដែលគេសន្មតថា មានវត្តមានតែនៅក្នុងភាវៈរស់ប៉ុណ្ណោះ។ ដោយសារតែហាក់ដូចជាគ្មានភាពខុសគ្នាខាងរូបធាតុ រវាងភាវៈរស់នៅក្នុងខណៈនៃជីវិតដែលហៀបនឹងស្លាប់ និងរាងកាយដែលទើបនឹងស្លាប់ថ្មីៗ ទើបទស្សនវិទូជាច្រើនតាំងពីសម័យប្លាតុង(Plato)បានអះអាងថា ព្រលឹងគឺជាសមាសភាគអរូបធាតុរបស់ភាវៈរស់។ ដោយហេតុថា មានតែវត្ថុរូបធាតុប៉ុណ្ណោះដែលមានទីបញ្ចប់ ទើបប្លាតុងចាត់ទុកថាភាពអរូបធាតុរបស់ព្រលឹងជាមូលដ្ឋាននៃអមតភាពរបស់ព្រលឹង។ ទាំងប្លាតុង ទាំងអារីស្តូត មិនបានគិតថាមានតែមនុស្សទេដែលមានព្រលឹង៖ អារីស្តូតអះអាង ថាព្រលឹងក៏មានចំពោះសត្វ និងរុក្ខជាតិដែរ ពីព្រោះសត្វនិងរុក្ខជាតិសុទ្ធតែបង្ហាញមុខងារខ្លះជាភាវៈមានជីវិត។ ខុសពីប្លាតុង អារីស្តូតបដិសេធការចាកចេញនៃព្រលឹងពីអម្បូរមួយទៅអម្បូរមួយទៀត ឬពីរាងកាយមួយទៅរាងកាយមួយទៀត បន្ទាប់ពីការស្លាប់។ គាត់សង្ស័យចំពោះសមត្ថភាពចាកចេញពីរាងកាយរបស់ព្រលឹងថា តើព្រលឹងអាចចាកចេញដោយរលូន នៅមានជីវិត និង បំពេញមុខងារដោយគ្មានរាងកាយបានដែរឬទេ។ រ៉ឺណេដេកាត (René Déscartes) អះអាងថា មានតែមនុស្សទេដែលមានព្រលឹង និងអះអាងថាធម្មជាតិអរូបធាតុរបស់ព្រលឹងអាចបង្កើតសេរីភាពបាន ទោះបីជារាងកាយរបស់មនុស្សស្ថិតនៅ ឬមិនស្ថិតនៅក្រោមការកំណត់ របស់ច្បាប់រូបធាតុក៏ដោយ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​