បុគ្គលភាពនិយម
Eng. personalism
Fr. personnalisme (m.)
លទ្ធិមួយ ដែលផ្តោតការយកចិត្តទុកដាក់ទៅលើតថភាពរបស់ពិភពលោក ហើយអត្ថន័យនៃពាក្យ «បុគ្គលភាពនិយម» មានន័យជាច្រើនដូចខាងក្រោម៖
១- លទ្ធិមួយដែលអះអាងថា តថភាពដាច់ខាតរបស់ពិភពលោក គឺទេវបុគ្គលដែលជាអ្នកទ្រទ្រង់ចក្រវាល ដោយអំពើជាបន្តបន្ទាប់នៃឆន្ទៈបង្កើតរបស់អាទិទេព។
២- លោក Edgar Sheffield Brightman ដែលជា អ្នកបុគ្គលភាពនិយមសហសម័យដ៏ឆ្នើមម្នាក់យល់ថា «បុគ្គលភាពនិយមគឺជាប្រព័ន្ធទស្សនវិជ្ជាមួយ ដែលចាត់ទុកបុគ្គលភាព របស់មនុស្សថាជា តថភាពអស្តិរូបវិជ្ជាតែមួយគត់ (ឬសំខាន់បំផុត) ព្រមទាំងមានតម្លៃខ្ពង់ខ្ពស់ពិតប្រាកដ»។
៣- លោក Copleston ឱ្យនិយមន័យ «បុគ្គលភាពនិយម» ថាជាទស្សនវិជ្ជាមួយដែលមានជំនឿជាមូលដ្ឋានថា តថភាពគឺជាប្រព័ន្ធនៃបុគ្គលភាព ដែលជាធាតុមិនអាចបំបែកបាននៃអត្ថិភាពទាំងអស់។
ឧ. ទស្សនៈថា តថភាពមានលក្ខណៈរូបី និងដោយឡែក មានលក្ខណៈបុគ្គលភាពនិយម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ