បិតាធិបតេយ្យ

Eng. paternalism
Fr. paternalisme (m.)

របៀបនៃការគ្រប់គ្រង និងការដឹកនាំរដ្ឋដែលមានលក្ខណៈស្រដៀងនឹងការគ្រប់គ្រងរបស់ឪពុកទៅលើកូន ឬ ការគ្រប់គ្រងដែលមានលក្ខណៈរួមផ្សំរវាងការប្រើអំណាចជាមួយនឹងការទទួលខុសត្រូវក្នុងការមើលថែសមាជិក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ នៅក្នុងសីលវិជ្ជា ពាក្យនេះមានន័យថា ជាការជ្រៀតជ្រែកចូលទៅក្នុងសេរីភាពរបស់ អ្នកណាម្នាក់ ដោយជឿថា ការជ្រៀតជ្រែកនោះគឺដើម្បីលើកកម្ពស់កុសលរបស់អ្នកនោះ ឬ ការពារអ្នកនោះពីគ្រោះថ្នាក់ ដែលកើតឡើង ទោះបីការជ្រៀតជ្រែកនោះបង្កឱ្យមានការជំទាស់ ឬ ការតវ៉ាពីបុគ្គលដែលត្រូវបានគេជ្រៀតជ្រែកសេរីភាពនោះក៏ដោយ។

បច្ចុប្បន្ន បិតាធិបតេយ្យត្រូវបានជំទាស់ដោយទស្សនៈសេរីនិយម ដោយគេយល់ថាជា ការធ្វើឱ្យបាត់បង់សេរីភាព ស្វ័យភាព និងសិទ្ធិបុគ្គល។

(ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជានិងទស្សនវិជ្ជានយោបាយ)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ