បដិសំយោគ

Eng. dialectic
Fr. dialectique (f.)/méthode dialectique

វិធី សិល្បៈនៃការស្វែងរកសច្ចភាពតាមរយៈការពិចារណ ការពិភាក្សា លើទស្សនៈមួយដែលយល់ឃើញពីចរិតលក្ខណៈមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននៃសំណើដែលប្រឈមគ្នាឬគំនិតដែលយល់ឃើញខុសគ្នា ហើយដែលគេអាចរួមបញ្ចូលមកជាសម្មតិកម្ម សំយោគមួយ។ យោងទៅតាមទស្សនៈផ្សេងៗ ស្តីអំពីដំណើរនៃការពិចារណានេះ បញ្ញត្តិកម្មខុសគ្នាស្តីអំពីបដិសំយោគបានលេចឡើង៖
ក្នុងវិធីរបស់សូក្រាត (Socrates) បដិសំយោគគឺជាដំណើរការនៃការទាញយកសច្ចភាព តាមរយៈមធ្យោបាយនៃការសួរដេញដោលដើម្បីលាតត្រដាងនូវអ្វីដែលបានដឹងរួចហើយ តែមិនទាន់ច្បាស់លាស់ឬការលាតត្រដាងនូវបដិវាទកម្មនិងសភាពភាន់ច្រឡំ នៃជំហរបស់អ្នកប្រឆាំង។ក្នុងកិច្ចសន្ទនាដំណាក់កាលកណ្តាលរបស់ប្លាតុង (Platon) បដិសំយោគក្លាយទៅជាដំណើរការពេញលេញនៃការយល់ដឹងជ្រៅជ្រះ។
ចំពោះអារីស្តូត (Aristotle) បដិសំយោគគឺជាការពិចារណាសមហេតុផលលើមូលបដិញ្ញា ដែលគួរឱ្យជឿជាក់។
តាម កាន្ត (Immanuel Kant) បដិសំយោគគឺជាតក្កវិជ្ជាស្តីពីមាយាការឬកាប្រើប្រាស់តក្កវិជ្ជាខុសក្នុងការផ្តល់នូវទម្រង់នៃជំនឿដ៏រឹងមាំ។ វាជាការងារមួយនៃការងាររបស់ទស្សនវិជ្ជាពិតក្នុងការបង្ហាញឱ្យឃើញនូវ
ទីកន្លែងដែលវិចាណញ្ញាណប្រព្រឹត្តកន្លងព្រំដែនត្រឹមត្រូវនានារបស់វា។ ការងារនេះបង្កើតមាយាការរបស់អស្តិរូបវិជ្ជាអតិសេដ្ឋ។តាម ហេហ្គែល (Hegel) បដិសំយោគសំដៅយកដំណើរការចាំបាច់ដែលបង្កើតការរីកចម្រើន ទាំងក្នុងគំនិតនិងពិភពលោក។ ដំណើរការណ៍ នោះគឺជាការខិតខំប្រឹងប្រែងដោះស្រាយបដិវាទកម្មរវាងមតិស្របនិងមតិផ្ទុយតាមរយៈ មធ្យោបាយនៃសំយោគ។ ជាលទ្ធផលសំយោគ នេះបែរជាត្រូវបានគេជំទាស់ ហើយដំណើរនេះ ប្រព្រឹត្តទៅសាចុះសាឡើងរហូតដល់ឈានទៅសម្រេចបានសុក្រឹតភាពចុងក្រោយ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ