ទំនាក់ទំនងនិយម

Eng. relativism
Fr. relativisme (m.)

លទ្ធិមួយដែលតែងតែបញ្ជាក់ថា ក្នុងវិស័យមួយចំនួនយ៉ាងហោចណាស់សច្ចភាពខ្លួនវាទាក់ទងទៅនឹងទស្សនៈរបស់អ្នកវិនិច្ឆ័យ (ឧទាហរណ៍: សោភណភាពនៃអ្វីមួយអាស្រ័យលើភ្នែករបស់អ្នកសង្កេត)។ សេចក្តីថ្លែងបុរាណដំបូងគេគឺជាលទ្ធិរបស់ពួកសូហ៊្វីស (Sophist) ដែលប្រូតាហ្កូរ៉ា (Protagoras) អះអាងថា «មនុស្សគឺជារង្វាស់នៃអ្វីៗទាំងអស់»។ ទំនាក់ទំនងនិយមអាចជាលទ្ធិសកលមួយដែលនិយាយអំពីរាល់ពុទ្ធិទាំងអស់ ឬជាលទ្ធិដោយឡែកមួយដែលនិយាយអំពីវិស័យណាមួយ (ឧទារហណ៍: សោភណវិជ្ជា សីលវិជ្ជា ឬការវិនិច្ឆ័យអំពីគុណភាពបន្ទាប់បន្សំ)។ ទិដ្ឋភាពនានាដែលជះឥទ្ធិពលលើការវិនិច្ឆ័យរបស់ប្រធាន (អ្នកវិនិច្ឆ័យ) ចំពោះការសន្មតថាអ្វីមួយពិត ឬមិនពិតចំពោះពួកគេអាចរួមមានមូលដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ សង្គម ភាសា ឬចិត្តសាស្ត្រ ឬក៏សុខភាពនៃសរីរាង្គវិញ្ញាណ។ ទំនាក់ទំនងនិយម ជាញឹកញាប់ ត្រូវបានបដិសេធដោយផ្អែកលើមូលដ្ឋានថា ជំនឿ ឬការវិនិច្ឆ័យ ត្រូវតែឆ្លើយតបទៅនឹងនិយាមនានា ដោយឯករាជ្យពីទំនោររបស់មនុស្សម្នាក់ៗ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​