តម្លៃសច្ចភាព
Eng. truth-value
Fr. valeur de vérité
ភាពពិតឬភាពមិនពិតមាននៅក្នុងសេចក្ដីថ្លែង នីមួយៗ។ តក្កវិជ្ជាបុរាណអះអាងថា រាល់សេចក្ដីថ្លែងត្រូវតែពិត ឬមិនពិត ហើយភាពពិតឬមិនពិតរបស់វាគឺជាតម្លៃសច្ចភាពរបស់វា។ ប្រសិនបើសេចក្ដីថ្លែងនោះពិត តម្លៃសច្ចភាព របស់វាគឺភាពពិត ប្រសិនបើសេចក្ដីថ្លែងនោះមិនពិត តម្លៃសច្ចភាពរបស់វាគឺភាពមិនពិត ។ «ធ្យូងថ្មនោះមានពណ៌ស» មិនពិត ដូច្នេះយើងនិយាយថា តម្លៃសច្ចភាពនៃប្រយោគនោះ គឺភាពមិនពិត។ «ទឹកកកសំឡី មានពណ៌ស» ពិត ដូច្នេះ យើងនិយាយថា តម្លៃសច្ចភាពនៃប្រយោគនោះ គឺភាពពិត។ ប្រសិនបើសេចក្ដីថ្លែងពីរដូចគ្នា វាមានតម្លៃសច្ចភាពដូចគ្នា។ គោលការណ៍ស្ដីពីទ្វិកលក្ខណៈ នៅក្នុងតក្កវិជ្ជាបុរាណទទួលស្គាល់តម្លៃសច្ចភាពតែពីរ ចំណែកឯទម្រង់មួយចំនួននៃតក្កវិជ្ជាទំនើប បដិសេធការសន្មតនេះ ហើយអះអាងថា តក្កវិជ្ជាមានតម្លៃបីឬច្រើន។ លោក ស្ត្រសាន់ (Strawson) អះអាងថា អាចមានសេចក្ដីថ្លែងដែលគ្មានតម្លៃសច្ចភាពពោលគឺ សេចក្ដីថ្លែងដែលមិនពិត ហើយក៏មិនខុសដែរ និងដែលមានចន្លោះតម្លៃសច្ចភាព។
(ពាក្យនេះ គេប្រើក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ