តម្លៃធម្មតា
សំដៅដល់ ១. តម្លៃធម្មតាផ្អែកលើថ្លៃនៅក្នុងប្រទេសនាំចេញ ឬប្រទេសប្រភពដើម ក្នុងករណីនេះ តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេតត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានថ្លៃប្រៀបធៀបដែលបានបង់ ឬដែលត្រូវបង់ក្នុងការធ្វើពាណិជ្ជកម្មធម្មតាសម្រាប់ការលក់ផលិតផលដូចគ្នានោះដល់ដៃអ្នកប្រើប្រាស់នៅក្នុងប្រទេសនាំចេញ។ ២. តម្លៃធម្មតាផ្អែកលើថ្លៃនាំចេញទៅប្រទេសទី៣ ឬតម្លៃដែលបានកសាង នៅពេលដែលគ្មានការលក់នូវផលិតផលដូចគ្នានៅក្នុងទីផ្សារក្នុងស្រុកនៃប្រទេសនាំចេញ ឬនៅពេលដែលមានការលក់ដែរ តែមិនអាចយកជាមូលដ្ឋានមកប្រៀបធៀបបានដោយហេតុផល ស្ថានភាពទីផ្សារ ឬដោយសារទំហំនៃការលក់មានកម្រិតតិចតួចក្នុងប្រទេសនាំចេញ គេត្រូវកំណត់តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេតដោយផ្អែកលើមូលដ្ឋានណាមួយដូចខាងក្រោម៖ ថ្លៃប្រៀបធៀបនៃផលិតផលដូចគ្នា នៅពេលនាំចេញពីប្រទេសប្រភពដើមចូលទៅកាន់ប្រទេសទីបី ដែលបង្ហាញថាថ្លៃផលិតផលដូចគ្នានោះអាចជាថ្លៃតំណាងដើម្បីយកធ្វើជាមូលដ្ឋាន ឬចំណាយផលិតកម្មនៅក្នុងប្រទេសប្រភពដើម បូកនឹងចំណាយរដ្ឋបាលសមស្រប ចំណាយលើការលក់ និងចំណាយផ្សេងៗទៀត រួមទាំងប្រាក់ចំណេញ។
ដកស្រង់ចេញពីច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្មចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ