តម្រេកនិយមសីលវិជ្ជា
Eng. ethical hedonism
Fr. hédonisme éthique
ទ្រឹស្ដីសីលវិជ្ជាដែលអះអាងថា សេចក្ដីរីករាយ ឬសុភមង្គល គឺជាកុសលធម្មជាតិខ្ពស់បំផុត និងជាគោលបំណងនៅក្នុងជីវិត និងថា មនុស្សគួរតែស្វែងរកសេចក្ដីសុខរីករាយឱ្យបានច្រើនបំផុត និងកាត់បន្ថយការឈឺចាប់ឱ្យនៅតិចបំផុត។ ទ្រឹស្ដីនេះការពារដោយទស្សនវិទូក្រិកឈ្មោះ អារីស្ទីពុស (Arisstippus) និងអេពីកួ (Epicurus) ទស្សនវិទូពិសោធន៍និយមជនជាតិអង់គ្លេស តូម៉ាស ហូប (Thomas Hobbes) ទស្សនវិទូផលប្រយោជន៍និយម ចន ឡុក (John Lock) ដាវីត ហ៊ូម (David Hume) និងទស្សនវិទូផលប្រយោជន៍និយមផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយក៏ទស្សនវិទូតម្រេកនិយម បានបង្ហាញឱ្យឃើញពីភាពខុសគ្នាជាច្រើនទាក់ទងនឹងសេចក្ដីរីករាយនេះហើយការយល់ដឹងពីភាពខុសគ្នានេះនាំឱ្យមានប្រភេទខុសៗគ្នានៃតម្រេកនិយម។ ជាទូទៅមានការលើកឡើងថា សេចក្ដីរីករាយគឺជាពាក្យអវិជ្ជមានដោយសារគេគិតថា សេចក្ដីរីករាយនេះសំដៅទៅលើតែតម្រូវការខាងរាងកាយឬខាងវិញ្ញាណ។ ប៉ុន្តែទស្សនវិទូខាងតម្រេកនិយមអះអាងថា សេចក្ដីរីករាយនេះមិនសំដៅតែទៅលើសេចក្ដីរីករាយខាងឥន្ទ្រីយ៍នោះទេ។ លើសពីនេះទៀត សេចក្ដីរីករាយ ក៏សំដៅទៅលើចំណង់ចំណូលចិត្ត សុភមង្គល និងឧត្ដមគតិផងដែរ។
(ពាក្យនេះ គេប្រើក្នុងសីលវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ