តម្រូវការយេនឌ័រ

Eng. Gender Need

បែងចែកជាពីរ គឺតម្រូវការយេនឌ័រចំពោះមុខ និងតម្រូវការយេនឌ័រជាយុទ្ធ សាស្រ្ត។

តម្រូវការយេនឌ័រចំពោះមុខសំដៅលើតម្រូវការ ឬសេចក្ដីត្រូវការរបស់បុរស និងស្ត្រីសម្រាប់បំពេញនូវជីវភាពប្រចាំថ្ងៃ។

តម្រូវការយេនឌ័រជាយុទ្ធសាស្រ្ត សំដៅដល់ធនធាន សម្ភារៈ ឧបករណ៍ សេវាកម្ម ឬសកម្មភាពនានា ដែលអាចជួយពង្រីកឱកាស បង្កើនការចូលរួម ឬគ្រប់គ្រងតួនាទីយេនឌ័ររបស់បុរស និងស្រ្តី និងការងារ។ នៅពេលដែលតម្រូវការទាំងនោះត្រូវបានបំពេញអំណាចនៃទំនាក់ទំនងរវាងបុរស និងស្រ្តី និងការបែងចែក ការងារតាមយេនឌ័រពិតជាអាចកែប្រែបានច្រើន ហើយអាចជួយរួមចំណែកលើកកម្ពស់សមភាពយេនឌ័រថែមទៀតផង។ តម្រូវការយេនឌ័រជាយុទ្ធសាស្រ្ត អាចប្រើប្រាស់ រយៈពេលយូរជាង ធម្មតា ហើយមើលមិនសូវឃើញជារូបរាងច្បាស់លាស់ទេ ដូចជាការផ្តល់ នូវឱកាសទទួលបានតំណែងក្នុងឆាកនយោបាយ តំណែងក្នុងថ្នាក់ធ្វើសេចក្តីសម្រេចការលុបបំបាត់ឧបសគ្គផ្លូវច្បាប់ ក៏ដូចជាការរើសអើងនៃសិទ្ធិកាន់កាប់ដីធ្លី ឬឥណទានជាដើម។

ដោយសារទំនាក់ទំនង តួនាទី និងសិទ្ធិអំណាច ដែលសង្គម សហគមន៍ និងគ្រួសារបានផ្តល់ដល់ ស្រ្តី បុរស មានលក្ខណៈខុសគ្នា ដូចនេះសេចក្តីត្រូវការរបស់ពួកគេក៏មានលក្ខណៈខុសគ្នាទៅតាមនោះដែរ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹង និងវិភាគបែងចែកឱ្យបានច្បាស់ពីតម្រូវការទាំងនោះ ដើម្បីធ្វើឱ្យកម្មវិធី គម្រោង និងផែនការអភិវឌ្ឍន៍នានា បានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ស្រ្តីនិងបុរសនៅក្នុងសហគមន៍ និងមូលដ្ឋាន។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ