តថភាពនិយមកញ្ឆោត

Eng. naive realism
Fr. réalism naïf

ទស្សនៈសុភនិច្ឆ័យស្ដីអំពីពិភពលោកដែលប្រកាន់យកដោយប្រជាជនសាមញ្ញភាគច្រើនបំផុត។ យោងតាមទស្សនៈនេះ ពិភពខាងក្រៅផ្សំពីវត្ថុផ្សេងៗដូចជា ទឹក ដី ភ្លើង ខ្យល់ ព្រៃឈើ ថ្ម ដី ជាដើម និងគុណភាពរបស់វត្ថុទាំងនោះ។ ពិភពលោកមានអត្ថិភាព និងរីកចម្រើនដោយឯករាជ្យពីឥន្ទ្រិយារម្មណ៍និងគំនិតរបស់យើង។ ឥន្ទ្រិយារម្មណ៍របស់យើងប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់ពិភពលោក។ ទស្សនៈនេះក៏ជឿដោយឥតសង្ស័យដែរថា យើងមានលទ្ធភាព ដឹងពីពិភពលោក។ ទោះជាយ៉ាងនោះក៏ដោយ ផ្អែកលើការពិចារណាទស្សនវិទូជាច្រើនបានរកឃើញថា ធម្មជាតិនៃពិភពលោក និងចំណេះដឹងរបស់យើងអំពីពិភពលោកមានលក្ខណៈស្មុគស្មាញ និងអាថ៌កំបាំងជាងការពន្យល់របស់តថភាពនិយមកញ្ឆោត។ គុណភាពជាច្រើនដែលគេហៅថា បន្ទាប់បន្សំ ដូចជាពណ៌ រសជាតិ និង ក្លិន គឺមិនអាចផ្ដាច់ចេញពីវិញ្ញាណរបស់យើងដូចជាលក្ខណៈស្នូល(ចាំបាច់) របស់វត្ថុដែលឯករាជ្យពីយើងនោះទេ។ ប្រត្យក្សារម្មណ៍របស់យើង ពេលខ្លះបំភាន់យើង។ ដោយផ្ដើមចេញពីទស្សនៈនេះយើងអាចដកស្រង់សំណួរទស្សនវិជ្ជាសំខាន់ៗ ជាច្រើនដូចជា «តើអ្វីជាការពិត?» «តើអ្វីជាភាពស្ដែងចេញ?» «តើមាយាការអាចកើតឡើងរបៀបណា?» តើបទពិសោធរបស់យើងគឺជាប្រភពពុទ្ធិដែលអាចទុកចិត្តបានដែរឬទេ?» កិច្ចការមួយក្នុងចំណោមកិច្ចការសំខាន់របស់ទស្សនវិជ្ជាគឺគាស់កកាយការលំបាកនានាដែលកប់នៅក្នុងការសន្មតទូទៅអំពីការយល់ឃើញ ដូចជាតថភាពនិយមកញ្ឆោតជាដើម ដើម្បីយល់ដឹងពីពិភពលោកឱ្យកាន់តែច្បាស់។

(ពាក្យនេះ គេប្រើនៅក្នុងពុទ្ធិវិទ្យា)

ដកដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ