តថនិយម

Eng. realism
Fr. réalisme (m.)

លទ្ធិមួយដែលចាត់ទុកថា មានពិភពសច្ចមួយដែលមានអត្ថិភាពមិនចំណុះមនុស្ស ប៉ុន្តែគេអាចយល់ដឹងបានតាមរយៈបញ្ញា និងប្រត្យក្សារម្មណ៍។ ពួកមនោនិយមអះអាងថា អ្វីមួយដែលជាបទពិសោធរបស់មនុស្ស គឺជាស្មារតី ឬគំនិត រីឯពួកតថនិយមវិញអះអាងថា តថភាពមានទាំងរូបធាតុ (material) និងអរូបធាតុ (immaterial)។ វត្ថុរូបី កម្លាំង និងទំនាក់ទំនងគឺ «ស្ថិតនៅខាងក្រៅ» រងចាំរបកគំឃើញ ឬការយល់ដឹងពីមនុស្ស វាមិនមែនអនុលោមតាមឆន្ទៈ សេចក្ដីសង្ឃឹម ជំនឿ ឬ បំណងរបស់មនុស្សជាតិឡើយ។

ឧ. រសជាតិប្រៃរបស់អំបិល គឺជាតថភាពមួយដែលមានស្រាប់នៅក្នុងធម្មជាតិរបស់អំបិល។ បើយោងតាមពួកតថនិយម រសជាតិមានលក្ខណៈសត្យានុម័តិ ឯករាជ្យពីការកំណត់របស់មនុស្ស។ មនុស្សគ្រាន់តែអាចដឹងពីវាតាមរយៈជីវ្ហាវិញ្ញាណថា វាមានរសជាតិប្រៃ និងទទួលស្គាល់ការណ៍ពិត (សច្ចភាព) នៃតថភាពនោះតែប៉ុណ្ណោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ