ជែនសិននិយម

Eng. Jansenism

Fr. jansénisme (m.)

ចលនាទស្សនវិជ្ជានិងសាសនាដែលគេបានដាក់ឈ្មោះដូច្នេះ បន្ទាប់ពីសាសនវិទូ ហូឡង់ ឈ្មោះ ជែនសិន (Cornelius  Otto Jansen,1585 -1638) បានស្លាប់ទៅ។ ជែនសិននិយមរីក ចម្រើនក្នុងសតវត្សរ៍ទី១៧និង១៨ នៅអឺរ៉ុបខាងលិច ជាពិសេសក្នុងប្រទេសបារាំង។ លក្ខណៈពិសេសរបស់ចលនានេះរួមមាន បុព្វវាសនានិយមដាច់ខាត និង ការប្រតិបត្តិតឹងរ៉ឹងខាងសីលធម៌។ កំណត់និយមបែបជែនសិន ជឿថា យើងមិនអាចបំពេញបទបញ្ជារបស់អាទិទេពបានដោយគ្មានជំនួយពីអាទិទេពឡើយ ប៉ុន្តែយើងមិនអាចបដិសេធជំនួយនេះបានឡើយ ប្រសិនបើអាទិទេពផ្ដល់ឱ្យយើង។ លទ្ធិជែនសិន ត្រូវបានរិះគន់យ៉ាងខ្លាំងថាជា អញ្ញទិដ្ឋិដោយសម្ដេចប៉ាបទី១០ (Pope Innocent X) ហើយសមាគមន៍ជែនសិនត្រូវបានរំលាយ ក្នុងឆ្នាំ១៧០៩។ ចលនាជែនសិននិយមនេះបានជះឥទ្ធិពលលើការគិតរបស់ប្លេស ប៉ាស្កាល (Blaise Pascal) ជនជាតិបារាំងបន្តរហូតដល់សតវត្សរ៍ទី ១៩ ។

(ពាក្យនេះគេប្រើក្នុងទស្សនវិជ្ជាអំពីសាសនា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ