ជនបរទេសមិនមែនអន្តោប្រវេសន្ត
១. ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេស ឬស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិនិងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំ ឬតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេស និស្សិតព្រមទាំងគ្រួសារដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
៣. អ្នកដំណើរឆ្លងកាត់ ជាអ្នករង់ចាំមធ្យោបាយ ធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយរបស់ខ្លួន។ ក្នុងករណីនេះការស្នាក់ អាស្រ័យនៅមិនត្រូវលើសពីមួយសប្តាហ៍លើកលែងតែក្នុងករណីប្រធានសក្តិ។
៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។
៥. អ្នកតំណាងពាណិជ្ជកម្ម ធានាគារ អ្នកប្រកបមុខរបរផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ ក្នុងករណីនេះការស្នាក់អាស្រ័យមិនអាចលើសពី ៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់ ការស្នាក់អាស្រ័យនៅនេះ អាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមាតាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
៦. ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលការអនុញ្ញាតឱ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឬមួយដងមួយកាល។ ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦មាត្រា៧នៃច្បាប់នេះត្រូវកំណត់ដោយអនុក្រឹត្យ។
៧. អ្នកធ្វើដំណើរកងនាវិក និងយានិកដែលមកសុំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និងតាមព្រលានយន្តហោះ។
៨.ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ដកស្រង់ចេញពីច្បាប់ស្តីពីអន្តោប្រវេសន៍ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ