ឃាតកម្ម

Eng. Killing
Fr. meurtre(m.)

អំពើនៃការបញ្ចប់ជីវិត។ ឃាតកម្មលើភាវៈ មនុស្ស ជានិច្ចកាលត្រូវបានគេចាត់ទុកថាជាអំពើអាក្រក់បំផុតខាងសីលធម៌ ហើយសិទ្ធិរស់រានមានជីវិតត្រូវបានគេចាត់ទុកជាសិទ្ធិមនុស្សសំខាន់បំផុត។ ការហាមមិនឱ្យសម្លាប់មនុស្សដែលគ្មានទោស គឺជាគោលការណ៍ទូទៅខាងសីលធម៌និងចាស់ជាងគេបំផុត។ នៅក្នុងសង្គមបុរាណ គោលការណ៏ទូទៅនេះអនុវត្តតែក្នុងសហគមន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក្នុងក្របខណ្ឌសាសនា​ មានសាសនាព្រះពុទ្ធ និងសាសនាគ្រិស្តជាដើម គោលការណ៍ទូទៅនេះបានពង្រីកទៅដល់ការហាមមិនឱ្យសម្លាប់មនុស្សសត្វគ្រប់ប្រភេទ។ ទ្រឹស្តីសីលធម៌សម័យទំនើបធ្វើយុត្តិកម្ម ភាពមិនអាចបំពានបាននៃជិវិតមនុស្សក្នុងក្របខណ្ឌនៃសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលជាភាវៈប្រកបដោយវិចារណញ្ញាណ។ ជាប្រពៃណី ឃាតកម្មត្រូវបានគេធ្វើយុត្តិកម្មតែនៅក្នុងយុត្តសង្គ្រាម និងការកាត់ទោសប្រហារជីវិតប៉ុណ្ណោះ ទោះបីជាមូលដ្ឋានទាំងពីរនេះនៅតែត្រូវបានគេជជែកដេញដោលនៅឡើយ
ក៏ដោយ។

(ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ