គុណធម៌ធម្មជាតិ
Eng. Natural virtue
Fr. Vertu naturelle
ចំពោះ ដាវីដ ហ៊ូម (David Hume) គុណធម៌ គឺជាគុណភាពខាងសីលធម៌នៅក្នុងខ្លួនរបស់យើង ឬក្នុងខ្លួនរបស់អ្នកដទៃ ដែលត្រូវបានយល់ព្រម ដោយទស្សនៈខាងសីលធម៌។ ហ៊ូម បានញែកគុណធម៌ធម្មជាតិចេញពីគុណធម៌សិប្បនិម្មិត។ គុណធម៌ធម្មជាតិ គឺជាទំនោរ និងលក្ខណៈគុណធម៌ដែលកើតឡើងពីឧបនិស្ស័យមូលដ្ឋាននៃធម្មជាតិពិតរបស់មនុស្ស ហើយវាមិនមែនជាអ្វីដែលត្រូវបានគេបណ្តុះដោយចេតនាទេ។ លក្ខណៈទាំងនេះ មានដូចជា សេចក្ដីករុណា ចិត្តសប្បុរស ចិត្តប្រណី ចិត្តទូលាយ សេចក្ដីស្រលាញ់របស់អ្នកណាម្នាក់ចំពោះក្មេងៗ ការអភ័យទោស។ល។ ផ្ទុយទៅវិញ គុណធម៌សិប្បនិម្មិត ដូចជាយុត្តិធម៌ ស្វាមីភក្តិ សេចក្ដីស្មោះត្រង់ គឺជាលទ្ធផលនៃល្បិចដ៏ប៉ិនប្រសប់ និងការអប់រំដែលគេទទួលបានក្នុងអំឡុងពេលដ៏យូរ។ លក្ខណៈទាំងនេះជាសិប្បនិម្មិត និងត្រូវបានគេប្រឌិត ប៉ុន្តែមិនមែនធ្វើឡើងតាមទំនើងចិត្តនោះទេ។ ហ៊ូម អះអាងថា គុណធម៌ធម្មជាតិ ផ្តល់មូលដ្ឋានចំពោះជីវិតគ្រួសារ និងទំនាក់ទំនង ជិតស្និទ្ធរវាងមិត្តភក្តិ។ ចំណែកឯគុណធម៌សិប្បនិម្មិតវិញ គឺជាតម្រូវការចាំបាច់ចំពោះជីវិតសង្គមដ៏ទូលំទូលាយរបស់យើង។ (ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជា)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។