ខុងជឺនិយម
Eng. Confucianism
Fr. Confucianisme(m.)
ប្រព័ន្ធគំនិតសំខាន់នៅក្នុងទស្សនវិជ្ជាចិនដែលបានរីកចម្រើនចន្លោះ ឆ្នាំ៥៥១ ដល់៤៧៩មុនគ្រិស្តសករាជ ចេញពីការបង្រៀនរបស់ខុងជឺ និងសាវ័ករបស់គាត់ ដែលបានយកចិត្តទុកដាក់ចំពោះគោលការណ៍ស្ដីពីចរិយាត្រឹមត្រូវ ជំនាញនៃការគ្រប់គ្រងរដ្ឋ គតិបណ្ឌិតស័ក្តិសិទ្ធិ និងទំនាក់ទំនងសង្គមត្រឹមត្រូវ។ ខុងជឺនិយមបានជះឥទ្ធិពលលើឥរិយាបថប្រជាជនចិន ចំពោះជីវិតគំរូនៃការរស់នៅនិងគំរូនៃតម្លៃសង្គម ព្រមទាំងបានផ្តល់ មូលដ្ឋានខាងបញ្ញាសម្រាប់ទ្រឹស្តី និងស្ថាប័ននយោបាយចិនទៀតផង។ ខុងជឺនិយមបានរាលដាលចេញពីប្រទេសចិនទៅដល់កូរ៉េ ជប៉ុន និងវៀតណាម និងបានក្លាយទៅជាកត្តារឹងមាំក្នុងវប្បធម៌អាស៊ីខាងកើតព្រមទាំងបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមអ្នកប្រាជ្ញ បស្ចិមប្រទេសស្ទើរតែទាំងអស់។ ទោះបីខុងជឺនិយមបានក្លាយជាមនោគមវិជ្ជាផ្លូវការរបស់រដ្ឋចិនក៏ដោយ ក៏ខុងជឺនិយមមិនដែលមានអត្ថិភាពជាសាសនាផ្លូវការទេ។ ខុងជឺបានចងក្រងគម្ពីឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង៦ ជាសិល្បៈសេរីមានគោលដៅស្វែងរកនូវសេរីភាពក្នុងនយោបាយនិងសេដ្ឋកិច្ច មានដូចខាងក្រោម៖
១- គម្ពីរយី និយាយពីការផ្ទេរកម្មសិទ្ធិនិងផ្ទេរមរតក
២- គម្ពីរចេ ជាកំណាព្យនិទានសម្រាប់បម្រើសោភ័ណធម្មជាតិ
៣- គម្ពីរលី និយាយពីការប្រារព្ធពីធីសែនព្រេនផ្សេងៗ
៤- គម្ពីរយ៉ូ និយាយពីបទភ្លេងនិងចម្រៀងបណ្ដែតអារម្មណ៍
៥- គម្ពីរជូ និយាយពីប្រវត្តិសាស្ត្រនិងពង្សាវតារនៃប្រទេសចិន
៦- គម្ពីរឈូស៊ាវ ឬ គម្ពីរនិទាឃរដូវ និយាយពីសរទរដូវ ជាប្រវត្តិសាស្ត្រជាក់ស្ដែងរបស់សន្តតិវង្សលូ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ