កុសលចុងក្រោយ
Eng. Final good
Fr. Bien final
កុសលទោលដែលជាកុសលចុងក្រោយ (ល្អបំផុតខ្ពង់ខ្ពស់បំផុត) ឬហៅថាបំណងចុងក្រោយ។ សញ្ញាណនៃកុសលចុងក្រោយមានមូលដ្ឋានគ្រឹះនៅក្នុងប្រព័ន្ធសីលវិជ្ជាបុរាណសម័យ។ រាល់អំពើត្រូវបានជំរុញដើម្បីបំណងមួយ ហើយបំណងនោះល្អសម្រាប់អ្នកធ្វើ។ កុសលមួយចំនួនត្រូវបានធ្វើដើម្បីឆ្ពោះទៅរកកុសលខ្ពស់ជាង ហេតុដូច្នេះ កុសលមានឋានានុក្រម។ ក្នុងន័យនេះ ត្រូវតែមានកុសលទោលមួយដែលត្រូវបានស្វែងរកសម្រាប់បំណងចុងក្រោយ ចំណែកកុសលផ្សេងទាំងអស់ ត្រូវបានស្វែងរកសម្រាប់ឈានទៅដល់កុសលទោលនោះ។ កុសលចុងក្រោយគួរតែនៅចុងក្រោយបំផុតទូលំទូលាយ និងស្វ័យគ្រប់គ្រាន់ ទោះបីលក្ខខណ្ឌចុងក្រោយនេះស្ថិតនៅក្នុងវិវាទក៏ដោយ។ នៅក្នុងទស្សនវិជ្ជាក្រិកបុរាណ និកាយសីលវិជ្ជានីមួយៗ យល់ស្របថាកុសលចុងក្រោយនេះគឺ សុខុមាលភាព ឬសុភមង្គល ប៉ុន្តែនិកាយទាំងនោះយល់ខុសៗគ្នាទៅតាមនិយមន័យសុភមង្គលរៀងៗខ្លួន ដោយកំណត់និយមន័យសុភមង្គល ថាជាកិត្តិយស ភាពរីករាយ គុណធម៌ ការសញ្ចឹងគិត ឬភាពស្ងប់។
(ពាក្យនេះ គេប្រើក្នុងសីលវិជ្ជានិងទស្សនវិជ្ជាអំពីសកម្មភាព)
ដកស្រង់ចេញពីសទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។